សាររបស់ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ

សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមស្វាគមន៍គោរពសម្ដេច ទ្រង់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ ដែលមកកាន់វេបសាយរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា! ក្នុងនាមក្រុមប្រឹក្សាជាតិភាសាខ្មែរ ទូលបង្គ ខ្ញុំព្រះករុណា ខ្ញុំ សូមស្វាគមន៍ចំពោះការចូលមកកាន់វេបសាយនេះ ដែលជាកន្លែងផ្ដល់ព័ត៌មាន បច្ចុប្បន្នភាពអំពីមុខងារ សកម្មភាព និង សមិទ្ធផលនានារបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ។ ក្រុមប្រឹក្សាជាតិភាសាខ្មែរគឺជាស្ថាប័នជាតិមួយ កើតឡើងនៅឆ្នាំ២០១១តាមព្រះរាជក្រឹត្យលេខ នស / រកត / ០៦១១ / ៦០០ ដើម្បីបន្តភារកិច្ចដ៏ឧត្ដុង្គឧត្ដមរបស់គណៈកម្មាធិការជាតិភាសាខ្មែរដែលក្នុងនោះរួមមាន៖ រៀបចំគោលនយោបាយជាតិភាសានិងអក្សរខ្មែរ រៀបចំផែនការយុទ្ធសាស្ត្រសម្រាប់អភិរក្សនិងអភិវឌ្ឍភាសានិងអក្សរខ្មែរ ពិនិត្យនិងសម្រេចឱ្យមានការឯកភាពនូវពាក្យនិងបច្ចេកសព្ទដែលបានប្រើក្នុងភាសាខ្មែរ កំណត់ការសរសេរ ការអាន និងនិយមន័យឱ្យមានការឯកភាពក្នុងភាសាខ្មែរ បង្កើតពាក្យថ្មីនិងសម្រេចអំពីការខ្ចីពាក្យ ត្រួតពិនិត្យការប្រើប្រាស់ភាសានិងអក្សរខ្មែរ ដាក់ជូនរាជរដ្ឋាខាភិបាលប្រកាសឱ្យប្រើជាសាធារណៈនូវលទ្ធផលនៃការកំណត់ការប្រើភាសានិងអក្សរខ្មែរ ចងក្រងនិងផ្សព្វផ្សាយភាសានិងអក្សរខ្មែរតាមមធ្យោបាយផ្សេងៗដែលមានសិក្ខាសាលាផង សហការជាមួយក្រសួងស្ថាប័នមានសមត្ថកិច្ចនិងរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីមានវិធានការសមស្របចំពោះការប្រើភាសានិងអក្សរខ្មែរដែលបានកំណត់រួចហើយឱ្យមានប្រសិទ្ធភាព រៀបចំសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្តចាំបាច់នានាពាក់ព័ន្ធនឹងការប្រើភាសានិងអក្សរខ្មែរ និងទទួលអនុវត្តភារកិច្ចផ្សេងៗទៀតដែលរាជរដ្ឋាភិបាលប្រគល់ជូន។ ដប់ឆ្នាំកន្លងមក គណៈកម្មាធិការជាតិភាសាខ្មែរនិងក្រុមប្រឹក្សាជាតិភាសាខ្មែរបានអនុវត្ដភារកិច្ចរបស់ខ្លួនយ៉ាងរស់រវើកប្រកបដោយឆន្ទៈដ៏មោះមុតនិងការប្ដេជ្ញាចិត្តខ្ពស់ដើម្បីការងារអភិរក្សនិងអភិវឌ្ឍភាសាខ្មែរហើយបានសម្រេចលទ្ធផលមួយចំនួនជាទីមោទនៈ។ តាមរយៈវេបសាយនេះ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្ដេច ទ្រង់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ នឹងអាចស្វែងយល់កាន់តែស៊ីជម្រៅពីសកម្មភាពនិងសមិទ្ធផលការងារអភិរក្សនិងអភិវឌ្ឍភាសានិងអក្សរខ្មែរដែលផ្ដល់ជាគុណប្រយោជន៍ដល់អ្នកដែលប្រើ ក៏ដូចជាអ្នកដែលមានបំណងស្វែងយល់ពីភាសានិងអក្សរខ្មែរនៅទូទាំងសាកលលោក។ ទន្ទឹមនឹងនេះ យើងខ្ញុំនឹងខិតខំធ្វើបច្ចុប្បន្នកម្មព័ត៌មានទាន់ហេតុការណ៍ដើម្បីឆ្លើយតបនឹងស្ថានភាពដែលកើតមានឡើង។ ភាសាគឺជាបាតុភូតសង្គម។ ហេតុនេះហើយ បេសកកម្មរបស់ក្រុមប្រឹក្សាភាសាជាតិភាសាខ្មែរអាចឈានទៅដល់គោលដៅបានក៏អាស្រ័យទៅលើការជួយគាំទ្រ ការចូលរួមចំណែកជាមតិយោបល់និងចំណេះដឹង ក៏ដូចជាការរិះគន់ស្ថាបនាយ៉ាងសកម្មពីសំណាក់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្ដេច ទ្រង់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់។ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា វេបសាយនេះនឹងក្លាយជាវេទិកាមួយសម្រាប់សម្របសម្រួលឱ្យមានការឯកភាពគ្នាក្នុងការប្រើភាសានិងអក្សរខ្មែរប្រកបដោយសុខដុម។