ប្រវត្តិក្រុមប្រឹក្សាជាតិភាសាខ្មែរ

១- ប្រវត្តិក្រុមប្រឹក្សាជាតិភាសាខ្មែរ

១.១- គណៈកម្មាធិការជាតិភាសាខ្មែរ

ក្រុមប្រឹក្សាជាតិភាសាខ្មែរ (ក.ជ.ភ.ខ) មានឈ្មោះដើមថា គណៈកម្មាធិការជាតិភាសាខ្មែរ (គ.ជ.ភ.ខ.)។

សាស្ត្រាចារ្យបណ្ឌិត ឡុង សៀម ត្រូវបានប្រគល់ភារកិច្ចឱ្យរៀបចំបង្កើតស្ថាប័នភាសាជាតិ នៅក្នុងឆ្នាំ១៩៩៦ ហើយនៅពេលនោះ លោកសាស្ត្រាចារ្យបានអញ្ជើញលោកបណ្ឌិត ហ៊ាន សុខុម លោកបណ្ឌិត នៅ ស៊ុន និង លោកបណ្ឌិត អ៊ីវ ច័ន ដើម្បីជួយរៀបចំស្ថាប័ននៃភាសាជាតិនេះ។ ក្នុងឆ្នាំ១៩៩៦នោះដែរ ក្រសួងអប់រំ យុវជន និង កីឡា ក៏បានបញ្ជូនមន្ត្រីដែលជាគ្រូបង្រៀនចំនួន៧នាក់ ជាលើកដំបូងឱ្យមកជួយសាស្ត្រាចារ្យបណ្ឌិត ឡុង សៀម មានលោក សន ពៅ លោក លាង សុភាព លោក មាឃ បូរ៉ា លោក ជួន សោរិទ្ធី លោក នៀ សាវ៉ាន់ថា កញ្ញា អែម សុឃីម និងកញ្ញា តិប ស៊ីណា។

វិទ្យាស្ថានភាសាជាតិ (វ.ភ.ជ.) ត្រូវបានបង្កើតដោយអនុក្រឹត្យលេខ៤៥ អនក្រ.បក ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៩៨ និង ស្ថិតក្រោមការគ្រប់គ្រងរបស់សាស្ត្រាចារ្យបណ្ឌិត ឡុង សៀម។ វិទ្យាស្ថាននេះ ត្រូវបានបញ្ចូលមកក្នុងរាជបណ្ឌិត្យសភាកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៩ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា។

ចាប់ពីឆ្នាំ២០០០ រហូតដល់ឆ្នាំ២០០៧ វិទ្យាស្ថានភាសាជាតិបានរៀបចំធ្វើសន្និសីទទាក់ទងនឹងភាសាខ្មែរចំនួន៤លើក ដើម្បីស្វែងរកការស្រុះស្រួលគ្នាលើការប្រើភាសានិងអក្សរខ្មែរ។ តាមរយៈ សិក្ខាសាលានេះ វិទ្យាស្ថានភាសាជាតិទទួលបានអនុសាសន៍ជាហូរហែពីអ្នកចូលរួម ដោយស្នើសុំឱ្យយកវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ជាគោលក្នុងការប្រើប្រាស់ភាសានិងអក្សរខ្មែរ និងស្នើសុំឱ្យរាជរដ្ឋាភិបាលបង្កើតគណៈកម្មាធិការជាតិភាសាមួយឡើង។ ផ្តើមចេញពីនេះ រាជរដ្ឋាភិបាលក៏បានបង្កើតគណៈកម្មាធិការជាតិភាសាខ្មែរ (គ.ជ.ភ.ខ.) តាមអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០០៧ ដោយមានសមាសភាពដូចខាងក្រោម៖

  • ឯកឧត្តមបណ្ឌិត សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ជាប្រធាន
  • ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឡុង សៀម អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជាអនុប្រធានអចិន្ត្រៃយ៍
  • ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ព្រុំ ម៉ល់ ទីប្រឹក្សាអមទីស្ដីការគណៈរដ្ឋមន្ត្រីទទួលបន្ទុកផ្នែកភាសាវិទ្យា ជាអនុប្រធាន
  • ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ស៊ុំ ឈុំប៊ុន អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ជាអគ្គលេខាធិការ
  • លោកសាស្ត្រាចារ្យបណ្ឌិត អ៊ីវ ច័ន អនុប្រធានវិទ្យាស្ថានភាសាជាតិ ជាអគ្គលេខាធិការរង និងមានលេខាធិការចំនួន ៣រូប គឺ លោក សន ពៅ លោក ជួរ គារី និង លោក ស៊ុំ ឈុំឡុង។

ក្រោយពីមរណភាពរបស់ឯកឧត្តមបណ្ឌិត ឡុង សៀម នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៧ សមាសភាពគណៈកម្មាធិការជាតិភាសាខ្មែរត្រូវបានកែសម្រួលតាមអនុក្រឹត្យលេខ៧៩២ អនក្រ.តក ចុះថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០០៨ ដោយបានតែងតាំងឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ព្រុំ ម៉ល់ អនុប្រធាននៃគណៈកម្មាធិការជាតិភាសាខ្មែរ ជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិភាសាខ្មែរ ជំនួសឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឡុង សៀម ហើយ ឯកឧត្តម ឈន អៀម សមាជិកគណៈកម្មាធិការជាតិភាសាខ្មែរ ជាអនុប្រធាននៃគណៈកម្មាធិការជាតិភាសាខ្មែរ ជំនួសឯកឧត្តមសាស្ត្រាចារ្យ បណ្ឌិត ព្រុំ ម៉ល់ ដែលត្រូវទទួលភារកិច្ចជាអនុប្រធានអចិន្ត្រៃយ៍។

១.២- ការដំឡើងពីគណៈកម្មាធិការជាតិភាសាខ្មែរមកជាក្រុមប្រឹក្សាជាតិភាសាខ្មែរ

នៅឆ្នាំ២០១១ គណៈកម្មាធិការជាតិភាសាខ្មែរ (គ.ជ.ភ.ខ.) ត្រូវបានដំឡើងមកជាក្រុមប្រឹក្សាជាតិភាសាខ្មែរ (ក.ជ.ភ.ខ.) ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៦១១/៦០០ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១១ និង ព្រះរាជក្រឹត្យលេខ នស/រកត/០៨១១/ ៧៧៦ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១១ តែងតាំងសមាសភាពថ្នាក់ដឹកនាំដូចខាងក្រោម៖

១- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាគរុគណ

២- ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ជាប្រធានកិត្តិយស

៣- ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ជាប្រធាន

៤- លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ជាអនុប្រធាន

៥- ឯកឧត្តមបណ្ឌិតសភាចារ្យ តិច សំណាង ជាអនុប្រធាន

៦- ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន ជាអនុប្រធាន

៧- ឯកឧត្តមបណ្ឌិត ច័ន្ទ សំណព្វ ជាអនុប្រធាន

៨- ឯកឧត្តមបណ្ឌិត អ៊ីវ ច័ន ជាអនុប្រធាន

៩- ឯកឧត្តម ឈន អៀម ជាអនុប្រធាន

១០- ឯកឧត្តម សូ មុយឃៀង ជាអនុប្រធាន

១.៣- ការតែងតាំងអនុប្រធានប្រចាំការនិងអនុប្រធាន ឆ្នាំ២០១៤

នៅឆ្នាំ២០១៤ ឥស្សរជន៣រូបត្រូវបានតែងតាំងជា អនុប្រធានប្រចាំការនិងអនុប្រធាននៃក្រុមប្រឹក្សាជាតិភាសាខ្មែរ។

តាមព្រះរាជក្រឹត្យលេខ នស/រកត/០៣១៤/៣៩៨ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ តែងតាំង៖

១- ឯកឧត្តមបណ្ឌិតសភាចារ្យ តិច សំណាង ជាអនុប្រធានប្រចាំការ

២- ឯកឧត្តមបណ្ឌិត នៅ ស៊ុន ជាអនុប្រធានប្រចាំការ

តាមព្រះរាជក្រឹត្យលេខ នស/រកត/១១១៤/១៣៦៦ ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤ តែងតាំងឯកឧត្តមបណ្ឌិត ជួរ គារី ជាអនុប្រធាន។

១.៤- ការផ្លាស់ប្ដូរសមាសភាពថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ ឆ្នាំ២០១៦

នៅឆ្នាំ២០១៦ ថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាជាតិភាសាខ្មែរត្រូវបានផ្លាស់ប្ដូរ។ តាមព្រះរាជក្រឹត្យលេខ នស/រកត/០១១៦/០៧០ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ សមាសភាពថ្នាក់ដឹកនាំដែលត្រូវបានតែងតាំង មានដូចខាងក្រោម៖

១- ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ប្រធាននៃ ក.ជ.ភ.ខ. ជាទីប្រឹក្សាជាន់ខ្ពស់នៃ ក.ជ.ភ.ខ.

២- ឯកឧត្តមបណ្ឌិត ច័ន្ទ សំណព្វ អនុប្រធាននៃ ក.ជ.ភ.ខ. ជាប្រធាននៃ ក.ជ.ភ.ខ.

៣- ឯកឧត្តម សូ មុយឃៀង អនុប្រធាននៃ ក.ជ.ភ.ខ. ជាអនុប្រធានអចិន្ត្រៃយ៍នៃ ក.ជ.ភ.ខ.

តាមព្រះរាជក្រឹត្យលេខ នស/រកត/០៦១៦/៦៦៦ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ តែងតាំង ឯកឧត្តម ច័ន្ទ មេត្តពល ជាអនុប្រធានប្រចាំនៃ ក.ជ.ភ.ខ.។

១.៥- ការធ្វើសមាហរណកម្មក្រុមប្រឹក្សាជាតិភាសាខ្មែរមកក្នុងរាជបណ្ឌិត្យសភាកម្ពុជា

យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៨១៧/៦៤១ ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ក្រុមប្រឹក្សាជាតិភាសាខ្មែរត្រូវបានផ្ទេរ និងធ្វើសមាហរណកម្មការងារ និងរចនាសម្ព័ន្ធឱ្យស្ថិតនៅក្រោមសមត្ថកិច្ចនិងការទទួលខុសត្រូវរបស់រាជបណ្ឌិត្យសភាកម្ពុជា។ បន្ទាប់មក ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរត្រូវបានកំណត់ដោយអនុក្រឹត្យលេខ១៤៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។

ឯកឧត្តមបណ្ឌិត នៅ ស៊ុន អនុប្រធាននៃ ក.ជ.ភ.ខ. ត្រូវបានចាត់តាំងជាប្រធានស្តីទីនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ តាមលិខិតលេខ ៤៧៥/១៧ របសក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ របស់រាជបណ្ឌិត្យសភាកម្ពុជា ហើយជាងពីរសប្ដាហ៍ក្រោយមក ឯកឧត្តមបណ្ឌិត នៅ ស៊ុន ត្រូវបានតែងតាំង ជាប្រធាននៃក្រុមប្រឹក្សាជាតិភាសាខ្មែរ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៨១៧/៦៤២ ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧។

លោកបណ្ឌិត ហ៊ាន សុខុម ត្រូវបានប្រគល់ភារកិច្ចជាប្រធានដឹកនាំអង្គប្រជុំក្រុមប្រឹក្សាជាតិភាសាខ្មែរ តាមលិខិតលេខ ៦៧២/១៧របសក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ របស់រាជបណ្ឌិត្យសភាកម្ពុជា ជំនួសឯកឧត្តមបណ្ឌិត នៅ ស៊ុន ប្រធាននៃ ក.ជ.ភ.ខ. ដែលបានទទួលមរណភាពនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧។

១.៦- ការតែងតាំងសមាសភាពថ្នាក់ដឹកនាំក្រុមប្រឹក្សាជាតិភាសាខ្មែរបច្ចុប្បន្ន

តាមព្រះរាជក្រឹត្យលេខ នស/រកត/១១១៧/១០១៣ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រូវ បានតែងតាំងសមាសភាពថ្នាក់ដឹកនាំ ដូចខាងក្រោម៖

១- ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ជាប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ

២- ឯកឧត្តមបណ្ឌិត សន ពៅ ជាអនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ

ព្រះរាជក្រឹត្យលេខ នស/រកត/០៣១៨/២៩៦ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ បានតែងតាំង ឯកឧត្តមបណ្ឌិត ស៊ុំ ឈុំឡុង ជាអនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ។

ព្រះរាជក្រឹត្យលេខ នស/រកត/០២១៩/២៨២ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ បានតែងតាំង ឯកឧត្តមបណ្ឌិត ប៊ី សុខគង់ ជាអនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ។

អនុក្រឹត្យលេខ ១២៥៦/អនក្រ.តត ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ បានតែងតាំងសមាសភាពថ្នាក់ដឹកនាំលេខាធិការដ្ឋាន ដូចខាងក្រោម៖

១- លោក លាង សុភាព ជាប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិភាសាខ្មែរ

២- លោកស្រី ហង់ លក្ខិណា ជាអនុប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិភាសាខ្មែរ

៣- លោក ឃឹម វិច្ឆិកា ជាអនុប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិភាសាខ្មែរ

អនុក្រឹត្យ លេខ ៩៩៤ អនក្រ.តត ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ តែងតាំងលោក គុយ រិន ជាអនុប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិភាសាខ្មែរ។